រដ្ឋបាលខេត្តកែប

KEP ADMINISTRATION

យុទ្ធនាការធ្វើតេស្តរហ័សរកមេរោគកូវីដ-១៩ ជូនអាជីវករនៅតាមផ្សារ​ និងប្រជាពលរដ្ឋនៅជុំវិញ​ផ្សារ ទូទាំងខេត្ត

ខេត្តកែប៖ នៅព្រឹកថ្ងៃព្រហស្បតិ៍​ ១២រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៥ ខែសីហា​ ឆ្នាំ២០២១ ឯកឧត្តម សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប បានអញ្ជើញចុះត្រួតពិនិត្យ និងបើកដំណើរការយុទ្ធនាការយកសំណាកធ្វើតេស្តរហ័សរកមេរោគកូវីដ-១៩ ចំពោះបងប្អូនអាជីវករនៅតាមផ្សា​រ​ និងប្រជាពលរដ្ឋនៅជុំវិញ​ផ្សារ​ ទូទាំងខេត្ត ដែលត្រូវបានរៀបចំដំបូងនៅបរិវេណខាងជេីងផ្សារក្តាម។ តាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្ត ដំណើរការយកសំណាកធ្វើតេស្តរកមេរោគកូវីដ-១៩នេះ នឹងធ្វើនៅតាមផ្សារ​ ចំនួន ០៧​ ទូទាំងខេត្តកែប​ ដែលរួមមាន៖

១-ផ្សារក្តាម ធ្វើតេស្តនៅថ្ងៃទី០៥ ដល់ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១

២-ផ្សារសេះស ធ្វើតេស្តនៅថ្ងៃទី ០៧ដល់ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២១

៣-ផ្សារដំណាក់ចង្អើរ ធ្វើតេស្តនៅថ្ងៃទី ០៩ ខែសីហា ឆ្នាំ២០២១

៤-ផ្សារពងទឹកធ្វើតេស្តនៅថ្ងៃទី១០ សីហា ឆ្នាំ២០២១

៥-ផ្សារចំការបី ធ្វើតេស្តនៅថ្ងៃទី ១១ សីហា ឆ្នាំ២០២១

៦-ផ្សារកែប ធ្វើតេស្តនៅថ្ងៃទី ១២ សីហា ឆ្នាំ២០២១

៧-ឆ្នេរលេងទឹក និងជ្រោយដូងធ្វើតេស្តនៅថ្ងៃទី ១៣ សីហា ឆ្នាំ២០២១។

ថ្លែងប្រាប់អ្នកសារព័ត៌មាន នៅក្នុងកិច្ចសម្ភាស៍នាពេលនោះ ឯកឧត្តម សោម ពិសិដ្ឋ បានឲ្យដឹងថា យុទ្ធនាការធ្វើតេស្តចំពោះបងប្អូនអាជីវករនៅតាមផ្សារ​នេះ ធ្វើឡើងដើម្បីធានានូវវិធានការសុវត្ថិភាពសង្គម ស្របតាមគោលការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធ ក្នុងការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅក្នុងទីប្រជុំជនផ្សារនីមួយៗ និងជាការជម្រះនូវមន្ទិលសង្ស័យ ដើម្បីបន្តអនុវត្តវិធានការសុខាភិបាលប្រកបដោយទំនុកចិត្ត។

ក្នុងនោះដែរ ឯកឧត្តម​អភិបាលខេត្ត ក៏បានអំពាវនាវ ដល់បងប្អូនអាជីវករ នៅក្នុងទីប្រជុំជនផ្សារគោលដៅ ចូលរួមសហការជាមួយមន្ទីរសុខាភិបាល​ នៃរដ្ឋបាលខេត្ត ក្នុងការមកយកសំណាកដើម្បីធ្វើតេស្ត តាមរយៈតេស្តរហ័ស តាមកាលបរិច្ឆេទដែលបានកំណត់ក្នុងសេចក្តីជូនដំណឹង ឲ្យបានគ្រប់គ្នា និងរក្សាគម្លាតសុវត្ថិភាពឲ្យបានត្រឹមត្រូវតាមការណែនាំ ។

ជាមួយគ្នានេះ​ ឯកឧត្តម​ បានថ្លែងការកោតសរសើរចំពោះស្មារតីខិតខំប្រឹងប្រែងយកចិត្តទុកដាក់របស់​មន្ត្រីសុខាភិបាល គណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ និងក្រុមឆ្លើយតបបន្ទាន់របស់រដ្ឋបាលខេត្ត ក្នុងសកម្មភាពប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ទាំងលើការងារចាក់វ៉ាក់សាំងជូនបងប្អូនប្រជាពលរដ្ឋ ការយកសំណាកធ្វើតេស្ត ការព្យាបាលអ្នកជំងឺកូវីដ-១៩ និងការងារស្រាវជ្រាវបុគ្គលប៉ះពាល់ផ្ទាល់ជាមួយអ្នកវិជ្ជមានកូវីដ-១៩​ ជាដើម ដោយពុំគិតពីការនឿយហត់ ដែលនេះពិតជាការរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងដំណាក់កាលដ៏លំបាក ដើម្បីកាត់ផ្តាច់នូវខ្សែចម្លងជំងឺកូវីដ-១៩ ក្នុងសហគមន៍៕

អត្ថបទទាក់ទង