រដ្ឋបាលខេត្តកែប

KEP ADMINISTRATION

ពិធីចុះហត្ថលេខា​លេី​កិច្ចសន្យា​អនុវត្តគម្រោងស្ថាបនាចំណតផែជលយានសេះស

ខេត្តកែប, ផែជលយាន ដែលត្រូវបានក្រុមការងារសិក្សាគម្រោងអភិវឌ្ឍផែ ដាក់ឈ្មោះឱ្យថា ផែជលយានសេះស ពេលនេះបានឈានដល់ដំណាក់ការចុះហត្ថលេខា ​លេី​កិច្ចសន្យាអនុវត្តគម្រោងសាងសង់ជាផែហើយ បន្ទាប់ពីបានសិក្សាផលប៉ះពាល់យ៉ាល្អិតល្អន់ពីគ្រប់ភាគីពាក់ព័ន្ធ អស់រយៈពេលជាយមួយឆ្នាំមក។
ពិធីចុះហត្ថលេខា ​លេី​កិច្ចសន្យាអនុវត្តគម្រោងផែជលយានសេះសនេះ ត្រូវបានរៀបចំឡើងនៅក្នុងសាលប្រជុំសាលាខេត្តកែប នាព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១ ក្រោមអធិបតីភាព ឯកឧត្តម សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប ដោយមានការចូលរួមពីវិនិយោគិន លោក អ៊ឹង កូវហៃ និងអ្នកពាក់ព័ន្ធដូចជា លោក អ៊ុក ថា អភិបាលរងខេត្ត លោក កែវ ហ៊ុង ប្រធានមន្ទីរសេដ្ឋ និងហិរញ្ញវត្ថុខេត្ត លោក ម៉ម ទូច ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត លោក សោម ចិន្តា ប្រធានមន្ទីរទេសចរណ៍ខេត្ត លោក ថឹង បូរិន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត លោក កឹម សុណារ័ត្ន អនុប្រធានមន្ទីរ តំណាងមន្ទីរបរិស្ថាន លោកនាយករដ្ឋបាលសាលាខេត្ត រួមទាំងលោកស្រីអភិបាលក្រុងកែប ចៅសង្កាត់អូរក្រសារ និងតំណាងសហគមន៍នេសាទផងដែរ។

មានប្រសាសន៍នៅក្នុងពិធីចុះហត្ថលេខា លេី​កិច្ចសន្យានេះ ឯកឧត្តម សោម ពិសិដ្ឋ បានសង្កត់ធ្ងន់អោយភាពគីពាក់ព័ន្ធទាំងអស់ ត្រូវធ្វើការផ្សព្វផ្សាយពីគម្រោងអភិវឌ្ឍន៍ផែសេះសនេះអោយបានទូលំទូលាយ ពិសេសតំណាងវិនិយោគិន លោក អ៊ឹង កូវហៃ ត្រូវតម្លើងប៉ាណូនៃគម្រោងនេះអោយបានរួចរាល់មុនចូលគ្រឿងចក្រអនុវត្តគម្រោង ។ ឯកត្តមអភិបាលខេត្តបន្ថែមថា គម្រោងផែជលយានសេះសនេះ ជាមុខព្រួញថ្មីនៃការអភិវឌ្ឍវិស័យទេសចរណ៍ ឆ្ពោះមកភាគខាលិចនៃខេត្តកែប ក៏ជាទីតាំងតភ្ជាប់ នៃគម្រោងពង្រីកឆ្នេរខ្សាច់កម្សាន្តថ្មីក្នុងសង្កាត់ពីរ គឺសង្កាត់ព្រៃធំ និងសង្កាត់អូរក្រសារ របស់ខេត្តកែបផងដែរ ។

ឯកឧត្តមបានបង្ហាញនូវការជឿជាក់ថា គម្រោងផែជលយាននេះ នឹងផ្តល់នូវផលប្រយោជន៍ និងឱកាសការងារជាច្រើន សម្រាប់ប្រជាជនមូលដ្ឋាន ក៏ជាផ្នែកមួយនៃការរួមចំណែកដល់ការកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋខេត្តកែប ដែលភាគច្រើនពឹងផ្អែកលើមុខរបរនេសាទសមុទ្រ និងបម្រើសេវាកម្មទេសរណ៍។ ក្នុងនោះដែរឯកឧត្តមអភិបាល ក៏បានជម្រុញដល់វិនិយោគិន ដែលទទួលខុសត្រូវ អនុវត្តគម្រោង ត្រូវអនុវត្តទៅតាមកិច្ចសន្យាដែលបានព្រមព្រៀង ដើម្បីអោយសមិទ្ធផល ដែលទទួលបានប្រកបដោយគុណភាព តាមស្តង់ដារ និងបច្ចេកទេសត្រឹមត្រូវ និងពន្លឿនការសាងសង់អោយបានតាមពេលកំណត់។ បើតាមការអះអាងពី លោក កូវហៃ វិនិយោគិនលើកំពង់ផែជលយានសេះសនេះ ថានឹងអាចបញ្ចប់គម្រោងសាងសង់ក្នុងអំឡុងចុងឆ្នាំ២០២៣ ប្រើរយៈពេលសាងសង់ប្រហែលពីរឆ្នាំ៕

Related Post

Kep Administration