នារសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ ឯកឧត្តម សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប អញ្ជើញជាអធិបតី ក្នុងពិធីបើកការដ្ឋានស្ថាបនាផ្លូវបេតុងអាមេ ០១ខ្សែ ដែលមានប្រវែង ១,៨០០ម៉ែត្រ ទទឹង ០៨ម៉ែត្រ ស្ថិតនៅភូមិអំពេង ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប។
ពិធីសម្ពោធការដ្ឋានសាងសង់ផ្លូវដ៏មានសារៈសំខាន់នេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំខេត្ត ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត លោក លោកស្រីសមាជិក សមាជិកយុវជន យុវនារី និងមានកការចូលរួមអបអរសាទរពីសំណាក់ប្រជាពលរដ្ឋមូលដ្ឋានជាច្រើនកុះករផងដែរ។ នៅក្នុងឱកាសនៃការបើការដ្ឋានផ្លូវ០១ខ្សែនេះ ឯកឧត្តមអភិបាលខេត្ត មានប្រសាសន៍ថា ផ្លូវបេតុងអាមេ ០១ខ្សែនេះ ជាផ្លូវយុទ្ធសាស្រ្ត តភ្ជាប់ពីផ្លូវលេខ ១៣៣អា ទៅផ្លូវលេខ ១៣៣២ ហើយវាពិតជាមានសារៈសំខាន់ណាស់ ព្រោះផ្លូវនេះ អាចជួយសម្រួលការធ្វើដំណើររបស់ប្រជាកសិករបានយ៉ាងល្អប្រសើរ។
ដោយកត្តាសន្តិភាព ទើបថ្នាក់ដឹកនាំខេត្ត មានឱកាសអភិវឌ្ឍន៍មូលដ្ឋាន ហើយជាក់ស្តែងផ្លូវ១ខ្សែនេះ គឺពិតជាបានផ្តល់នូវអត្ថប្រយោជន៍យ៉ាងខ្លាំង សម្រាប់បម្រើដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋ។ ផ្លូវបេតុងអាមេ ០១ខ្សែនេះ គឺជាសមិទ្ធផលថ្មី១ទៀត ដែលបង្ហាញពីការគិតគូរសុខទុក្ខរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ពីសំណាក់ឯកឧត្តមអភិបាលខេត្ត សម្រាប់បម្រើដល់ការរស់នៅ របស់ប្រជាពលរដ្ឋ ក្នុងការធ្វើចរាចរណ៍ទៅមក ដើម្បីចូលរួមអនុវត្តន៍នយោបាយកាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាលផងដែរ ផ្លូវថ្នល់គឺជាសរសៃឈាមសេដ្ឋកិច្ចយ៉ាងសំខាន់ បើមានផ្លូវ គឺយើងបានធ្វើឱ្យសេដ្ឋកិច្ច ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែប្រសើរឡើង។
ឯកឧត្តមអភិបាលបានបញ្ជាក់ថា សមិទ្ធផលទាំងនេះ គឺផ្តើមចេញពីការយកចិត្តទុកដាក់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដែលតែងតែជំរុញដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ជាពិសេសថ្នាក់ដឹកនាំនៅមូលដ្ឋាន ត្រូវយកចិត្តទុកដាក់ និងគិតគូពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ព្រមទាំងខិតខំកសាងសមិទ្ធិផលនានា ជូនដល់ប្រជាពលរដ្ឋ ហើយការសាងសង់ផ្លូវ១ខ្សែនេះ គឺពិតជាបានបំពេញនូវសេចក្តីត្រូវការរបស់បងប្អូនប្រជាពលរដ្ឋ ងាយស្រួលក្នុងការធ្វើចរាចរណ៍ និងការដឹកកសិផលយកទៅលក់នៅលើទីផ្សារ ជាពិសេសបានផ្តល់នូវភាពងាយស្រួលដល់សិស្សាសិស្ស បានធ្វើដំណើរទៅសាលារៀន។
ក្នុងឱកាសនោះ ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្ត ក៏បានផ្តាំផ្ញើរដល់បងប្អូនប្រជាពលរដ្ឋដែលប្រើប្រាស់ផ្លូវនេះទាំងអស់ មេត្តាផ្តល់កិច្ចសហការ និងសម្របសម្រួលនូវផលប៉ះពាល់នានា ក្នុងការស្ថាបនាផ្លូវនេះឱ្យបានឆាប់រហ័សទៅតាមផែនការគ្រោងទុក ព្រមទាំងចូលរួមជួយថែរក្សា ដើម្បីធានាឱ្យការប្រើប្រាស់បានយូរអង្វែង និងបានណែនាំដល់គ្រប់ក្រុមហ៊ុនដែលទទួលបានសិទ្ធស្ថាបនាផ្លូវ០១ខ្សែនេះ ត្រូវខិតខំស្ថាបនាឲ្យទាន់តាមពេលវេលាដែលបានកំណត់នៅក្នុងកិច្ចសន្យា ត្រឹមត្រូវតាមស្តង់ដារ និងប្រកបដោយគុណភាពភាពខ្ពស់ ។