រដ្ឋបាលខេត្តកែប

KEP ADMINISTRATION

កងកម្លាំងចម្រុះរបស់ខេត្តកែប ត្រៀមកម្លាំងប្រចាំការការពារសន្តិសុខជូនភ្ញៀវទេសចរណ៍មកកំសាន្តនៅខេត្តកែប

រសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប និងលោកជំទាវ ស ម៉ាលីដា បានជួបសំណេះសំណាលជាមួយកម្លាំងចម្រុះរបស់ខេត្តកែប ដែលត្រៀមប្រចាំការចាប់ពីថ្ងៃទី១៧-២១ ខែសីហា ឆ្នាំ២០២០ ។

ក្នុងឳកាសជួបសំណេះសំណាលនេះ ឯកឧត្តមអភិបាលខេត្ត បានសំណូមពរដល់បងប្អូនកងកម្លាំងទាំងអស់ត្រូវយកចិត្តទុកដាក់តាមគោលដៅរបស់ខ្លួនដោយប្រុងប្រយ័ត្នខ្ពស់ ប្រការមានករណីគ្រោះថ្នាក់ផ្សេងៗ ដូចជាបទល្មើស ចោរឆក់ ចោរលួច ជាដើម ទោះបីជាខេត្តកែបមិនដែលមានករណីទាំងនេះកើតឡើងក៏ដោយ។

ឯកឧត្តម បានបន្ថែមទៀតថា បញ្ហាដែលយើងតែងតែជួបប្រទះនាពេលបុណ្យទានធំម្តងៗ គឺការកកស្ទះចរាចរណ៍ ព្រោះបងប្អូនពេលដែលមានថ្ងៃឈប់សម្រាក តែងតែមកកំសាន្តនៅខេត្តកែបមានចំនួនច្រើន ហេតុនេះកងកម្លាំងប្រចាំការតាមគោលដៅ ត្រូវធ្វើយ៉ាងណាកុំអោយមានការកកស្ទះទៀត ត្រូវរៀបចំសៀហ្វីចរាចរណ៍ អោយបានត្រឹមត្រូវ។ ឯកឧត្តម ក៏បានផ្តាំផ្ញើដល់កម្លាំងទាំងអស់ត្រូវពាក់ម៉ាស់ មានអាល់កុលតាមខ្លួន ដើម្បីការពាខ្លួនអោយបានល្អ ។
ឯកឧត្តមបញ្ជាក់ថា កន្លងមក រដ្ឋបាលខេត្ត បានផ្សព្វផ្សាយ អប់រំណែនាំ ដល់អាជីវករ ប្រតិបត្តិករទេចរណ៍ ត្រូវអនុវត្តនូវវិធានការ បង្ការការពារ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩ ដោយអនុវត្តន៍តាមសារាចរណែនាំរបស់រាជរដ្ឋាភិបាល ព្រមទាំងសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល និងស្ថាប័នពាក់ព័ន្ធ ឱ្យបានខ្ជាប់ខ្ជួន ពីវិធានការសុវត្ថិភាពទេសចរណ៍ដែលបានដាក់ចេញ សូមអោយកងកំលាំងចម្រុះទាំងអស់ ចូលរូមត្រួតពិនិត្យការអនុត្តអោយបានត្រឹមត្រូវ អំពីវិធានការនេះ។

ដើម្បីជាការលើកទឹកចិត្តដល់បងប្អូនកងកម្លាំង ឯកឧត្តមអភិបាលខេត្ត បានឧបត្តម្ភជាសម្ភារ ជាគ្រឿងឧបភោគ បរិភោគមួយចំនួន និងភេសជ្ជះទឹកក្រូច ចំនួន៣០កេស ទឹកសុទ្ធ ចំនួន ៨០កេស និងមីចំនួន ១០កេសធំ ជូនកម្លាំងការពារតាមគោលដៅទាំងអស់ផងដែរ។

Related Post

Kep Administration