នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ រដ្ឋបាលខេត្តកែប បានរៀបចំកិច្ចប្រជុំក្រុមការងារកសាងផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត ដឹកនាំដោយ លោក អ៊ុក ថា អភិបាល រងខេត្ត និងជាអនុប្រធានក្រុមការងារ ។
![](https://asset.cambodia.gov.kh/kep/2020/07/25F99011-AD53-4D3C-B534-B4BD470737F1-1024x682.jpeg)
ក្នុងកិច្ចប្រជុំនេះ លោកអភិបាលរងខេត្ត បានលើកឡើងថា គម្រោងដែលអាទិភាពហើយមិនទាន់មានថវិកាគាំទ្រអនុវត្ត នឹងត្រូវពិចារណាដាក់បញ្ជូលទៅជាតម្រូវការក្នុងកម្មវិធីវិនិយោគលើកក្រោយទៀត។ លោកបន្ថែមទៀតថា គ្រប់មន្ទីរអង្គភាព ដៃគូអភិវឌ្ឍន៍ទាំងអស់ត្រូវមានកិច្ចសហការណ៍ល្អ ជាមួយរដ្ឋបាលខេត្ត ក្នុងការផ្តល់ជារបាយការណ៍ ការអនុវត្តគម្រោងអោយបានទៀតទាត់។
លោកបានបញ្ជាក់បន្ថែមទៀតថា ក្នុងដំណើរការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត ត្រូវតែមានធាតុចូលពីគ្រប់ភាគីអ្នកពាក់ព័ន្ធទាំងអស់ក្នុងខេត្ត ហេតុនេះលោកស្នើអោយអ្នកពាក់ព័ន្ធទាំងអស់ត្រូវតែផ្តល់ធាតុចូលមកក្រុមការងារកសាងផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគខេត្ត អោយបានគ្រប់គ្រាន់ ត្រឹមត្រូវតាមលក្ខខណៈបច្ចេកទេស និងទាន់ពេលវេលា ។
ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្ត បានអញ្ជើញចូលជាអធិបតីក្នុងពិធីបិទកិច្ចប្រជុំ។ ថ្លែងក្នុងឱកាសបិទកិច្ចប្រជុំនេះ ឯកឧត្តមអភិបាលខេត្តមានប្រសាសន៍ថា គ្រប់គម្រោងដែលអនុវត្តក្នុងខេត្តទាំងអស់ត្រូវតែមាននៅក្នុងសៀវភៅកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្តដែលអនុម័តដោយក្រុមប្រឹក្សាខេត្តជាចាំបាច់ ព្រោះកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត បានបង្ហាញពីតម្រូវការមូលដ្ឋាន ក្នុងការអភិវឌ្ឍន៍ខេត្ត ក្នុងន័យកាត់បន្ថយភាពក្រីក្រក្នុងខេត្ត។
ឯកឧត្តមបានបន្ថែមទៀតថា មន្រ្តីបច្ចេកទេសទាំងអស់ត្រូវតែខិតខំពង្រឹងសមត្ថភាពខ្លួនឯងអោយបានល្អ ចំពោះកិច្ចការរៀបចំ និងកសាងកម្មវិធីវិនិយោគខេត្តនេះ ព្រោះថា កិច្ចការនេះពិតជាមានសារសំខាន់ណាស់ សម្រាប់ជួយខេត្តក្នុងការតម្រង់ទិសអភិវឌ្ឍន៍ខេត្តអោយចំគោលដៅ ។
![](https://asset.cambodia.gov.kh/kep/2020/07/9A8823F8-CFBA-407F-90BD-D0A93B7B9831-1024x682.jpeg)
![](https://asset.cambodia.gov.kh/kep/2020/07/A5B0A181-4E79-414B-BDE8-D432C745F57A-1-1024x682.jpeg)
![](https://asset.cambodia.gov.kh/kep/2020/07/06286D8B-B628-420B-890C-CC5CDB227204-1024x682.jpeg)
![](https://asset.cambodia.gov.kh/kep/2020/07/FE70BE92-E045-4A6D-9607-E7E2F4B6187E-1024x682.jpeg)
![](https://asset.cambodia.gov.kh/kep/2020/07/D609AECB-C43A-432B-8648-4E9BEECB74F2-1024x682.jpeg)
![](https://asset.cambodia.gov.kh/kep/2020/07/D387F632-CF9F-402F-B37D-C60C9FE2C58A-1024x682.jpeg)
![](https://asset.cambodia.gov.kh/kep/2020/07/BD36D964-ABCD-42DF-A90C-51B84F745D2E.jpeg)