រដ្ឋបាលខេត្តកែប

KEP ADMINISTRATION

រដ្ឋបាលខេត្តកែប

KEP ADMINISTRATION

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ឯកឧត្តម ប្រាជ្ញ ចន្ទ បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងបំពេញភារកិច្ចយ៉ាងសកម្មរបស់ថ្នាក់ដឹកនាំខេត្តកែប ដែលសម្រេចបាននូវសមិទ្ធផលជាច្រើនជូនប្រជាពលរដ្ឋ

ដោយ Phok Sokhenចំនួនទស្សនា (205)

រសៀលថ្ងៃពុធ ទី២៩ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម សំ សារីន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម​ សោម​ ពិសិដ្ឋ​ អភិបាល​ នៃគណអភិបាលខេត្តកែប​ បានដឹកនាំគណៈប្រតិភូរដ្ឋបាលខេត្ត​ មានឯកឧត្តម​ លោកជំទាវ​ក្រុមប្រឹក្សាខេត្ត​ អភិបាលរងខេត្ត​មន្ត្រីពាក់ព័ន្ធមួយចំនួន​ ទទួលជួបជាមួយគណៈប្រតិភូគណៈកម្មការសិទ្ធមនុស្ស ទទួលពាក្យបណ្តឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា នៃរដ្ឋសភា ដែលដឹកនាំដោយ ឯកឧត្តម ប្រាជ្ញ ចន្ទ ជាប្រធានគណៈកម្មការ ដើម្បីពិភាក្សាការងារ និងឈ្វេងយល់អំពីការរីកចម្រើនរបស់ខេត្តកែប និងយន្តការដោះស្រាយករណីទំនាស់ដីធ្លី នៅសាលាខេត្តកែប​ ។

ឯកឧត្តម ប្រាជ្ញ ចន្ទ ជាប្រធានគណៈកម្មការសិទ្ធមនុស្ស ទទួលពាក្យបណ្តឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា នៃរដ្ឋសភា បានគូសបញ្ជាក់ថា ការចុះបញ្ជីដីធ្លីនៅខេត្តកែបពិតជាបានលឿន និងល្អ ឯកឧត្តមបានអំពាវនាវដល់អាជ្ញាធរពង្រឹងការចុះបញ្ជីដីធ្លីដល់ពលរដ្ឋឲ្យបានគ្រប់ៗគ្នា ព្រោះការចុះបញ្ជីដីធ្លីជូនដល់ពលរដ្ឋ មិនត្រឹមផ្តល់ភាពស្របច្បាប់ ក្នុងការគ្រប់គ្រងដីធ្លីដោយស្របច្បាប់នោះទេ តែជាការផ្តល់ភាពកក់ក្តៅជូនប្រជាពលរដ្ឋ ជំរុញកិច្ចការវិនិយោគ លើកស្ទួយសេដ្ឋកិច្ចជាតិ សេដ្ឋកិច្ចប្រជាពលរដ្ឋផងដែរ ។

ឯកឧត្តមបានលើកឡើងទៀតថា រដ្ឋធម្មនុញ្ញបានចែងពីភារកិច្ចរបស់តំណាងរាស្ត្រ ដែលមានដូចជា ការតាក់តែង និងអនុម័តច្បាប់ ភាពជាតំណាងឲ្យពលរដ្ឋ និងការឃ្លាំមើលការអនុវត្តច្បាប់ហេតុនេះ តំណាងរាស្ត្រត្រូវចុះមូលដ្ឋានសួរសុខទុក្ខប្រជាពលរដ្ឋ និងប្រមូលយកព័ត៌មានរាល់បញ្ហា របស់ប្រជាពលរដ្ឋជូនរដ្ឋាភិបាលដោះស្រាយតាមរយៈប្រធានរដ្ឋសភា។ 

នៅក្នុងជំនួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំខេត្តកែបនេះ ប្រតិភូគណៈកម្មការ សិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង អង្កេត និងទំនាក់ទំនង រដ្ឋសភា-ព្រឹទ្ធសភា នៃរដ្ឋសភា បានលើកឡើងថា វិវាទដីធ្លីភាគច្រើន កើតឡើងដោយសារការកាន់កាប់ដីធ្លីរបស់ពលរដ្ឋ មិនទាន់មានភាពច្បាស់លាស់។ ឯកឧត្តម ប្រាជ្ញ ចន្ទ បានមានប្រសាសន៍ថា ដោយសារកម្ពុជាឆ្លងកាត់សង្រ្គាមជាច្រើនដំណាក់កាល ដូច្នេះការចុះបញ្ជីដីធ្លីជួបការ លំបាក ប៉ុន្តែនាពេលបច្ចុប្បន្ននេះ ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន ជាប្រមុខរាជរដ្ឋាភិបាល បានកំពុងជំរុញកំណែទម្រង់ការគ្រប់គ្រង ដីធ្លី ហើយច្បាប់ និងបទដ្ឋានជាច្រើនត្រូវបានរដ្ឋសភាអនុម័តដើម្បីអនុវត្តការងារនេះ។

ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប បានជម្រាបប្រតិភូគណៈកម្មការជំនាញរដ្ឋសភាពីសមិទ្ធផលនានា ដែលខេត្តកែបអនុវត្តបាន ពិសេសការងារលើផ្នែក ទេសចរណ៍ និងកិច្ចការពារសុខសន្តិភាព និងសុវត្ថិភាព ជូនអ្នកទេសចរជាតិ និងអន្តរជាតិ។ ចំពោះបញ្ហាដីធ្លី អភិបាលខេត្ត បានសង្កត់ធ្ងន់ថា អាជ្ញាធរបានខិតខំដោះស្រាយ និងការពារផលប្រយោជន៍ពលរដ្ឋជាធំ។ ប៉ុន្តែប្តេជ្ញាថែរក្សាធនធានធម្មជាតិ ដីរដ្ឋ ដីព្រៃ ឧទ្យានជាតិ ឆ្នេរសមុទ្រអោយបានល្អ ។

ឯកឧត្តម​អភិបាលខេត្ត​ បានបង្ហាញពីយន្តការផ្សេងៗ ជូនគណកម្មាធិការ នៃរដ្ឋសភាជាតិ នូវយន្តការ និងវិធីសាស្រ្តមួយចំនួនដែលខេត្តបាន និងកំពុងអនុវត្ត ដើម្បីដោះស្រាយ សម្របសម្រួល និងរកដំណោះស្រាយ ជូនប្រជាពលរដ្ឋក្នុងករណីដែលមានទំនាស់ដីធ្លី។ ក្នុងយន្តការទទួល និងដោះស្រាយពាក្យបណ្តឹងនេះ ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ពីការចូលរួមរបស់ការិយាល័យប្រជាពលរដ្ឋ ដែលទើបនឹងបង្កើតថ្មីនេះផងដែរ ។

ឯកឧត្តម ប្រាជ្ញ ចន្ទ បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងបំពេញភារកិច្ចយ៉ាងសកម្មរបស់ថ្នាក់ដឹកនាំខេត្តកែប ដែលសម្រេចបាននូវសមិទ្ធផលជាច្រើនជូនប្រជាពលរដ្ឋ។

ប្រតិភូគណៈកម្មការជំនាញរដ្ឋសភា ផ្តល់ជាអនុសាសន៍មួយចំនួនក្នុងការកែលម្អសេវាសាធារណៈរបស់អាជ្ញាធរខេត្តកែប ដើម្បីយកទៅពិចារណា និងអនុវត្តធ្វើឱ្យសេវាសាធារណៈរបស់រដ្ឋ កាន់តែឆ្លើយតប មានប្រសិទ្ធិភាពដល់ពលរដ្ឋ៕

បណ្ណាល័យព័ត៌មាន
សេវាពេញនិយម
សេវាថ្មីៗ
លេខអគ្គិភ័យមិនទាន់មាន
លេខសង្គ្រោះគ្រោះថ្នាក់ចរាចរណ៍មិនទាន់មាន
លេខទទួលព័ត៌មាន (ប៉ូលីស)មិនទាន់មាន
ព្យាករណ៍អាកាសធាតុ
KEP WEATHER
ព័ត៌មានជាប់ទាក់ទង

អាសយដ្ឋាន : ភូមិកែប, សង្កាត់កែប, ក្រុងកែប, ខេត្តកែប, ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ : +(៨៥៥) ១១ ៣៤៥ ៦០១ / ៩៦ ៣៤ ៨២ ១៦៨

អុីម៉ែល : info@kep.gov.kh

គេហទំព័រ : www.kep.gov.kh

© 2020

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តកែប

កែប្រែចុងក្រោយ : 5 ថ្ងៃមុន