រដ្ឋបាលខេត្តកែប

KEP ADMINISTRATION

សិក្ខាសាលាផ្សព្វផ្សាយ ដាក់ឲ្យអនុវត្តរបបគោលនយោបាយ ចំពោះជនពិការក្រីក្រនៅតាមសហគមន៍ នៅសាលាខេត្តកែប

នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ នៅសាលាខេត្តកែប ឯកកឧត្តម ញ៉ឹក វណ្ណារ៉ា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា តំណាងឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប អញ្ជើញចូលរួម ជាអធិបតីក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយដាក់ឲ្យអនុវត្តរបបគោលនយោបាយចំពោះជនពិការក្រីក្រនៅតាមសហគមន៍ ។

សិក្ខាសាលានេះ ក៏មានការអញ្ជើញចូលរួម លោក លោកស្រីប្រធានមន្ទីរអង្គភាពជុំវិញខេត្ត លោកស្រីអភិបាលក្រុងស្រុកទាំងពីរ មេឃុំ ចៅសង្កាត់ និងអ្នកពាក់ព័ន្ធសរុបប្រមាណ ៥០រូប។

ថ្លែងក្នុងពិធីបើកសិក្ខាសាលានេះ ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្ត បានថ្លែងថាផែនការយុទ្ធសាស្ត្រជាតិស្ដីពីពិការភាពនេះ គឺជាការបង្ហាញឱ្យឃើញអំពីឆន្ទៈនយោបាយ ការប្តេជ្ញា ចិត្តដ៏រឹងមាំរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចតេជោ ជាប្រមុខ ក្នុងការលើកកម្ពស់ សិទ្ធិរស់រានមានជីវិត សិទ្ធិទទួលបានការការពារ សិទ្ធិក្នុងការអភិវឌ្ឍ និងសិទ្ធិក្នុងការចូលរួម ពិសេសការបញ្ចូលជនពិការទៅក្នុងកិច្ចអភិវឌ្ឍសម្រាប់សង្គមជាតិទាំងមូល។

ឯកឧត្តម ញ៉ឹក វណ្ណារ៉ា បានសម្តែងនូវការកោតសរសើរចំពោះ គណៈកម្មការគ្រប់គ្រងរបបគោលនយោបាយខេត្តកែប​ ក្រុមប្រឹក្សាសកម្មភាពជនពិការខេត្ត ជាពិសេសមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត ដែលតែងតែរួមសហការគ្នា ក្នុងការអនុវត្តការងារពិការភាព សម្រេចបាន​នូវសមិទ្ធផលជាច្រើនគួរឱ្យកត់សំគាល់។

ជាមួយនឹងការអនុវត្តគោលនយោបាយខាងលើនេះ គិតចាប់ពីឆ្នាំ២០១៦ មកក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានធ្វើអត្តសញ្ញាណកម្មជនពិការក្រីក្រ និងបានផ្តល់របបគោលនយោបាយជូនជនពិការក្រីក្រ ចំនួន ១៦.៤១០នាក់ ក្នុងខេត្តចំនួន១៥ គឺខេត្តត្បូងឃុំ ខេត្តព្រៃវែង ខេត្តស្វាយរៀង ខេត្តប៉ៃលិន ខេត្តកំពង់ចាម ខេត្តកណ្តាល ខេត្តកំពង់ធំ ខេត្តកំពង់ស្ពឺ ខេត្តបាត់ដំបង និងខេត្តពោធិ៍សាត់ បន្ទាយមានជ័យ ឧត្តរមានជ័យ សៀមរាប កំពត និងខេត្តតាកែវ ហើយសម្រាប់ឆ្នាំ២០២០ នេះក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នឹងដាក់ឱ្យដំណើការអនុវត្តរបបគោលនយោបាយនេះចំនួន៤ រាជធានីខេត្តថ្មីបន្ថែមទៀត រួមមានរាជធានីភ្នំពេញ ខេត្តព្រះសីហនុ ខេត្តកោះកុង​ និងខេត្តកែប​នេះ​

ក្នុងនោះផងដែរ​ ឯកឧត្តម​ ញ៉ឹក វណ្ណារ៉ា បានផ្តល់នូវអនុសាស្រ្តសំខាន់ៗ​ មួយចំនួនជូនដល់សមាជិកសមាជិការនៃសិក្ខាសាលានាពេលនោះរួមមាន៖

១,​ បន្តសហការជាមួយមន្ទីរផែនការខេត្ត លើការបន្ស៊ីផែនការសកម្មភាព ក្នុងការកំណត់អត្តសញ្ញាណជនពិការក្រីក្រ នៅតាមសហគមន៍

២,សហការជាមួយមន្ទីរ ស្ថាប័ន ដៃគូអភិវឌ្ឍន៍ និងអង្គការដែលមានការងារពាក់ព័ន្ធនឹងការស្តារលទ្ធភាពពលកម្មនៅតាមសហគមន៍ ធ្វើការចងក្រងជាប្រព័ន្ធគ្រប់គ្រងព័ត៌មានពិការភាព ដើម្បីងាយស្រួលកំណត់ជនមានពិការភាពទូទៅ ជាពិសេសជនមានពិការភាពក្រីក្រ ក្នុងការផ្តល់របបគោលនយោបាយឱ្យបានល្អប្រសើរ

៣,​ ត្រូវបន្តជម្រុញផ្នែករដ្ឋ និងឯកជន ឱ្យទទួលជនមានពិការភាព ចូលបម្រើការងារតាមអត្រាកំណត់ ២% សម្រាប់ស្ថាប័នរដ្ឋ និង ១% សម្រាប់វិស័យឯកជន

៤,​ រដ្ឋបាលសិទ្ធិជនពិការខេត្តកែប ត្រូវធ្វើអធិការកិច្ចវិស័យពិការភាពចំពោះ ស្ថាប័នរដ្ឋ និងវិស័យឯកជន លើអត្រាទទួលជនមានពិការភាពឱ្យចូលបម្រើការងារ ដោយអនុលោមតាមច្បាប់ និងលិខិតបទដ្ឋាន គតិយុត្តនានា ដែលបាននិងកំពុងដាក់ឱ្យអនុវត្តជាធរមាន។

ឯកឧត្តម​ សោម​ ពិសិដ្ឋ​ អភិបាលខេត្តកែប​ មានប្រសាសន៍ថា​ កន្លងមក ក៏ដូចជាបច្ចុប្បន្ននេះ​ រដ្ឋបាលខេត្ត​បាន យកចិត្តទុកដាក់ខ្ពស់លើវិស័យពិការភាពនៅទូទាំងខេត្ត ព្រោះថាការងារពិការភាព គឺជាការងារពហុវស័យដែលទាមទារឱ្យយើងទាំងអស់គ្នា យកចិត្តទុកដាក់ការពារ និងលើកកម្ពស់សិទ្ធិជនពិការ ព្រោះថាជនពិការក៏ជាប្រភពធនធានមួយនៃការចូលរួមអភិវឌ្ឍន៍ប្រទេសជាតិផងដែរ។

ឯកឧត្តម​បានបន្តថា កន្លងមក ក៏ដូចជាបច្ចុប្បន្ន រដ្ឋបាលខេត្តបានផ្ដល់លិទ្ធភាពដល់ជនពិការគ្រប់រូប ទទួលបានសេវាសុខភាព អប់រំបណ្ដុះបណ្ដាលវិជ្ជាជីវៈប្រកបដោយគុណភាព និងសមភាពព្រមទាំងបានលើកកម្ពស់ការចូលរួមរបស់ជនពិការ ក្នុងការសម្ដែងមតិ ទទួលបានព័ត៌មាន។ក្រៅពីនោះ រដ្ឋបាលខេត្តបានលើកទឹកចិត្តដល់ការចូលរួមសកម្មភាព សង្គមសម្រាប់ជនពិការដូចជាសកម្មភាព វប្បធម៌ សាសនា កីឡា សិល្បៈ ការសម្រាកលម្លៃ និងសកម្មភាពផ្សេងៗទៀត។

ជាមួយគ្នានោះ ឯកឧត្តមអភិបាលខេត្ត មានជំនឿយ៉ាងមុតមាំថា តាមរយៈការផ្តល់របបគោលនយោបាយដល់ជនពិការក្រីក្រក្នុងសហគមន៏ គឺជាការលើកកំពស់ជីវភាពដល់ជនមានពិការភាពក្នុងខេត្ត​ អោយមានជីវភាពកាន់តែប្រសើរឡើងមួយកំរិត និងយោងតាម ច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ អនុសញ្ញាស្តីពីសិទ្ធិជនពិការ ធ្វើឲ្យសិទ្ធិក្លាយ ជាការពិតឲ្យទទួលបានជោគជ័យ៕

Related Post

Kep Administration