រដ្ឋបាលខេត្តកែប

KEP ADMINISTRATION

ផែនការទីផ្សារទេសចរណ៍នឹងរួមចំណែកប្រែក្លាយខេត្តកែបឱ្យទៅជាគោលដៅទេសចរណ៍លម្ហែកម្រិតខ្ពស់ដ៏ទាក់ទាញមួយនៅកម្ពុជា

កែប៖ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ រដ្ឋបាលខេត្តកែបរៀបចំសិក្ខាសាលាពិភាក្សាស្ដីពី ``ការពិនិត្យលើពង្រាងផែនការទីផ្សារទេសចរណ៍ខេត្តកែប លើកទី៣``ក្រោមអធិបតីភាព ឯកឧត្តម សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្ត និងតំណាងក្រសួងទេសចរណ៍ ព្រមទាំងមានការចូលរួមដោយ លោក លោកស្រីប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ លោក លោកស្រីប្រធានសមាគម អង្គការ វិស័យឯកជន លោកតំណាងសមាគមសណ្ឋាគារ ផ្ទះសំណាក់ លោកប្រធានសមាគមអ្នកមគ្គុទេសក៍ទាក់ទងនឹងវិស័យទេសចរណ៍ សរុបប្រមាណ ៧០នាក់ ។

លោក សោម ចិន្តា ប្រធានមន្ទីរទេសចរណ៍ខេត្ត និងជាអនុប្រធានក្រុមការងារបច្ចេកទេសអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្ត បានលើកឡើងថា ផែនការទីផ្សារទេសចរណ៍ខេត្តកែបនេះទទួលបានជោគជ័យ លុះត្រាតែមានការចូលរួមទាំងអស់គ្នា ដើម្បីផ្តល់ជាធាតុចូលដើម្បីអោយផែនការនេះ មានលក្ខណៈគ្រប់ជ្រុងជ្រោយ។

លោកបានបញ្ជាក់ទៀតថា ផែនការទីផ្សារទេសចរណ៍ខេត្តកែបនេះ នឹងដើរតួជាផែនទីបង្ហាញផ្លូវសម្រាប់ការធ្វើទីផ្សារទេសចរណ៍ ក្នុងរយៈ ពេល៥ ឆ្នាំខាងមុខ ប្រកបដោយទស្សនៈវែងឆ្ងាយ ដើម្បីចង្អុលបង្ហាញ និងរួមចំណែកក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីទាក់ទាញ “ទីផ្សារទេសចរណ៍មានគុណភាព” តាមរយៈការទាក់ទាញចំណែកទីផ្សារសក្តានុពល ដូចជា “ទេសចរលំដាប់ខ្ពស់” “ទេសចរវ័យចំណាស់ ចូលនិវត្តន៍” និង “ ទេសចរធ្វើដំណើរជាមួយគ្រួសារ”។

ឯកឧត្តម សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្ត បានបង្ហាញថា ផែនការទីផ្សារទេសចរណ៍ខេត្តកែប ២០២០-២០២៤នេះ នឹងរួមចំណែកប្រែក្លាយខេត្តកែបឱ្យទៅជា “គោលដៅទេសចរណ៍លម្ហែកម្រិតខ្ពស់” ដ៏ទាក់ទាញមួយនៅកម្ពុជា។

ឯកឧត្តមអភិបាលខេត្ត មានជំនឿជឿជាក់យ៉ាងមុតមាំថា ផែនការទីផ្សារទេសចរណ៍ខេត្តកែប (២០២០-២០២៤) នឹងរួមចំណែកយ៉ាងសកម្មក្នុងការលើកស្ទួយវិស័យទេសចរណ៍ តាមរយៈការបង្កើតយុទ្ធនាការ និងកម្មវិធីផ្សព្វផ្សាយធនធាន សក្តានុពល ផលិតផលទេសចរណ៍ និងសេវាកម្មទេសចរណ៍សំខាន់ៗក្នុងខេត្ត ឱ្យបានទៅដល់ទីផ្សារគោលដៅ ដោយប្រើប្រាស់នូវ “ប្រព័ន្ធទីផ្សារឌីជីថល” ប្រកបដោយផែនការច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយ។

ជាចុងបញ្ចប់ ឯកឧត្តមអភិបាលខេត្ត បានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ចូលរួមសហការអនុវត្តផែនការទីផ្សារទេសចរណ៍ដ៏សំខាន់មួយនេះ ឱ្យបានខ្ជាប់ខ្លួនតាមតួនាទី និងភារកិច្ចទទួលខុសត្រូវ និងសូមឱ្យមានការចូលរួមយ៉ាងសកម្មពីផ្នែកឯកជន ដើម្បីរួមគ្នាសម្រេចឱ្យបាននូវចក្ខុវិស័យ គោលបំណង គោលដៅ និងទិសដៅទីផ្សារទេសចរណ៍ ដែលបានកំណត់ក្នុងផែនការទីផ្សារនេះ សម្រាប់ខេត្តកែបរបស់យើងទាំងអស់គ្នា៕

អត្ថបទទាក់ទង