នៅព្រឹកថ្ងៃចន្ទទី២៧ ខែកក្កដា ឆ្នាំ២០២០ នេះ លោក ងិន ងិនដា អភិបាលរង នៃគណៈអភិបាលខេត្តកែប បានដឹកនាំកិច្ចប្រជុំ ជាមួយ លោក នាយក នាយករងរដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ និងអភិបាលក្រុង ស្រុក ដើម្បីប្រមូលនូវធាតុចូលត្រៀមរាយការណ៍ជូនគណៈប្រតិភូគណៈកម្មការទី១ នៃរដ្ឋសភា ដែលចុះមកស្វែងយល់ពីការរីកចម្រើនរបស់ខេត្ត និងយន្តការដោះស្រាយទំនាស់ដីធ្លី ក្នុងខេត្តកែប។
សូមបញ្ជាក់ដែរថា នៅថ្ងៃទី២៩ ខែកក្តដា ដល់ថ្ងៃទី១ ខែសីហា ឆ្នាំ២០២០ ខាងមុខនេះ ប្រតិភូគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្ដឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា ជាគណកម្មាធិការទី១ នៃរដ្ឋសភា នឹងអញ្ជើញមកសិក្សាពីការអភិវឌ្ឍន៍ក្នុងខេត្ត លើចំណុចសំខាន់ៗ មួយចំនួនដូចជា សមិទ្ធផលសំខាន់ៗ ដែលខេត្ត សម្រេចបានក្នុងអាណត្តិទី៦ កិច្ចការអនុវត្តដើម្បីលើកស្ទួយសិទ្ធិ និងជីវភាពក្នុងការរស់នៅរបស់ប្រជាពលរដ្ឋនាពេលបច្ចប្បន្ន ។
លើសពីនេះ រដ្ឋបាលខេត្ត បានត្រៀមបង្ហាញជូនគណកម្មាធិការទី១ នូវយន្តការ និងវិធីសាស្រ្តមួយចំនួនដែលខេត្តបានអនុវត្ត ដើម្បីដោះស្រាយ សម្របសម្រួល និងរកដំណោះស្រាយ ជូនប្រជាពលរដ្ឋក្នុងករណីដែលមានទំនាស់ដីធ្លី។ ក្នុងយន្តការទទួល និងដោះស្រាយពាក្យបណ្តឹងនេះ លោកអភិបាលរងខេត្ត បានបញ្ជាក់ពីការចូលរួមរបស់ការិយាល័យប្រជាពលរដ្ឋ ដែលទើបនឹងបង្កើតថ្មីនេះផងដែរ ។
ក្នុងកិច្ចការត្រៀមនេះ លោក ងិន ងិនដា អភិបាលរងខេត្តបានបង្ហាញពីយន្តការត្រៀមមួយចំនួន ដើម្បីស្នើសុំទៅគណៈកម្មាធិការ ដើម្បីជួយអន្តរាគមន៍នៅពេលដែររដ្ឋបាលខេត្តមិនអាចសម្របសម្រួល និងដោះស្រាយបាន ដើម្បីជំរុញឱ្យមានដំណោះស្រាយ ជូនប្រជាពលរដ្ឋ។
![](https://asset.cambodia.gov.kh/kep/2020/07/FB_IMG_1595858349797-1024x682.jpg)
![](https://asset.cambodia.gov.kh/kep/2020/07/FB_IMG_1595858345851.jpg)
![](https://asset.cambodia.gov.kh/kep/2020/07/FB_IMG_1595858341096.jpg)
![](https://asset.cambodia.gov.kh/kep/2020/07/FB_IMG_1595858336835.jpg)
![](https://asset.cambodia.gov.kh/kep/2020/07/FB_IMG_1595858333077.jpg)