រដ្ឋបាលខេត្តកែប

KEP ADMINISTRATION

កិច្ចប្រជុំសាមញ្ញលើកទី១៤​របស់ក្រុមប្រឹក្សាខេត្តកែប អាណត្តិទី៣

ឯកឧត្តម សំ សារីន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប បានដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី១៤ របស់ក្រុមប្រឹក្សាខេត្តកែប ដើម្បីអនុម័តលើសេចក្ដីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២០ និងលើកទិសដៅអនុវត្តន៍បន្ត របស់រដ្ឋបាលខេត្ត និងពិនិត្យអនុម័តលើសេចក្ដីព្រាងសេចក្ដី សម្រេចស្ដីពីការបែងចែកតួនាទី ភារកិច្ច និងរបៀបរបបធ្វើការងារជូនគណៈអភិបាលខេត្តថ្មី ។

ថ្លែងក្នុងកិច្ចប្រជុំនេះ ឯកឧត្តម សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្ត បានលើក ឡើងថា ដោយយោងស្ថានភាពគណៈអភិបាលខេត្ត មានភាពប្រែប្រួល ផ្លាស់ប្តូរទើបរដ្ឋបាលខេត្តសម្រេចធ្វើការកែសម្រួលតួនាទី ភារកិច្ច និងរបៀបរបបធ្វើការងារជូនគណៈអភិបាលខេត្តនេះ។ ការបែងចែកនេះរៀបចំដោយផ្អែកទៅលើសមត្ថភាព បទពិសោធន៍ និងឧបនិស្ស័យរបស់អភិបាលរងខេត្តនិមួយៗ ដោយមានការពិនិត្យ ពិភាក្សាក្នុងជួរគណៈអភិបាលខេត្ត បានពិនិត្យ និងសម្រេចជារួម។

បន្ទាប់ពីបានស្តាប់របាយការណ៍បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២០ និងលើកទិសដៅអនុវត្តន៍បន្តរបស់រដ្ឋបាលខេត្តរួចមក ឯកឧត្តម សំ សារីន ប្រធានក្រុមប្រឹក្សាខេត្ត បានបញ្ជាក់ថា រាល់សមិទ្ធផលទាំងអស់ ដែលបានដាក់បង្ហាញក្នុងរបាយការណ៍ ជូនកិច្ចប្រជុំក្រុមប្រឹក្សាខេត្តនាថ្ងៃនេះ គឺកើតឡើងដោយមានការខិតខំប្រឹងប្រែង ដោយថ្នាក់ដឹកនាំខេត្តគ្រប់ជាន់ថ្នាក់ មន្ទីរអង្គភាពជុំវិញខេត្ត ក្រុង ស្រុកនិងឃុំសង្កាត់ទាំងអស់ក្នុងខេត្ត។

ឯកឧត្តម សោម​ ពិសិដ្ឋ​ អភិបាលខេត្ត​ បានរំលឹកដល់មន្រ្តីជំនាញ ត្រូវយកចិត្តទុកដាក់ចំពោះកិច្ចការពារធនធានធម្មជាតិ ទប់ស្កាត់ការកាប់ទន្ទ្រានយកដីរដ្ឋអោយបានល្អ ចៀសវៀងជនខិលខូចទន្ទ្រានយកដីរដ្ឋធ្វើជាកម្មសិទ្ធ។

ឯកឧត្តមបានបន្ថែមទៀតថា ខេត្តកែប ជាខេត្តទេសចរណ៍ ត្រូវរៀបចំអោយមាននូវទីលានចាក់សំរាម ទីចំណតរថយន្តអោយបានត្រឹមត្រូវ​ ត្រូវរក្សាអោយបាននូវសុខសុវត្ថិភាព​ សណ្តាប់ធ្នាប់សាធារណៈ​ ដេីម្បីធានាជូនភ្ញៀវដែលមកលេងកំសាន្ត​ ។

នៅចុងបញ្ចប់នៃកិច្ចប្រជុំ​ ឯកឧត្តមប្រធានក្រុមប្រឹក្សា​ខេត្ត​ បានសំណូមពរអោយមន្រ្តីទាំងអស់​ ត្រូវមានចិត្តស្មោះត្រង់​ គោរនូវតួនាទីភារកិច្ច​ រក្សាបាននូវសេចក្តីថ្លៃថ្នូ​ សាមគ្គីផ្ទៃក្នុងអោយបានល្អ​។

អត្ថបទទាក់ទង