រដ្ឋបាលខេត្តកែប

KEP ADMINISTRATION
SEARCH

កិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំលេខ ០០៣, ០០៤ ចុះថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០ និងប្រកាសអន្តរក្រសួងលេខ ១៨២ ស.ហ.វ ចុះថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០

ខេត្តកែប៖ នៅរសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំលេខ០០៣ សរណន ចុះថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០ របស់រាជរដ្ឋាភិបាលកម្ពុជាស្ដីពីការរៀបចំផែនការយុទ្ធសាស្ត្រថវិកាឆ្នាំ ២០២១-២០២៣ និងសារាចរណែនាំលេខ០០៤សរណន ចុះថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០ របស់រាជរដ្ឋាភិបាលកម្ពុជាពីការរៀបចំសេចក្ដីព្រាងច្បាប់ស្ដីពីហិរញ្ញ វត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ នៅសាលប្រជុំមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកែប ដោយមានការអញ្ជើញចូលរួមពីមន្រ្តីជំនាញរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក លោកស្រីប្រធានមន្ទីរ និងគណនេយ្យករ មន្ទីរអង្គភាពជុំវិញខេត្ត។

ឯកឧត្តម សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្ត មានប្រសាសន៍ថា ក្នុងក្របខ័ណ្ឌនៃការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ការលើកកម្ពស់គុណភាព និងប្រសិទ្ធភាព នៃការរៀបចំផែនការយុទ្ធសាស្ត្រថវិកា គឺជាវិធានការសំខាន់សម្រាប់លើកកម្ពស់ប្រសិទ្ធភាពនៃការរៀបចំថវិកា និងការបែងចែកធនធានថវិកា។ ក្នុងន័យនេះមន្ទីរជំនាញជុំវិញខេត្ត ព្រមទាំងរដ្ឋបាលថ្នាក់ក្រោមជាតិ (សម្រាប់មុខងារប្រគល់មានភ្ជាប់លក្ខខណ្ឌក្នុងវិស័យសុខាភិបាល និងវិស័យអប់រំ) ត្រូវត្រួតពិនិត្យឡើងវិញ និងវាយតម្លៃការអនុវត្តកន្លងមក ហើយរៀបចំកែសម្រួលទៅតាមការណែនាំនៃសារាចរនេះ។

សម្រាប់ឆ្នាំ ២០២១ និងបណ្ដាឆ្នាំខាងមុខ មន្ទីរជំនាញជុំវិញខេត្ត ព្រមទាំងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវយកចិត្តទុកដាក់កែលម្អផែនការយុទ្ធសាស្ត្រថវិកាឱ្យស្របទៅតាមអាទិភាពគោលនយោបាយ ដែលមាននៅក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ដែលជារបៀបវារៈគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមរបស់រាជរដ្ឋាភិបាលអាណត្តិទី៦ នៃរដ្ឋសភា និងស្របតាមវិធីវិនិយោគបីឆ្នាំរំកិលរបស់ខេត្តដែលអនុម័យដោយក្រុមប្រឹក្សាខេត្ត ជាពិសសេសត្រូវគ្រោងចំណាយស្របទៅតាមពិតានគោលរយៈពេល៣ ឆ្នាំ និងធនធានដទៃទៀតដែលរំពឹងថានឹងទទួលបាន ពីដៃគូអភិវឌ្ឍន៍ ឬប្រភពដ៏ទៃផ្សេងទៀត ប្រកបដោយភាពជាក់ស្តែងនិយម។

ចុងបញ្ចប់ឯកឧត្តម បានបញ្ជាក់ថា គ្រប់មន្ទីរជំនាញជុំវិញខេត្ត ព្រមទាំងរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងខេត្តកែប ត្រូវបញ្ជូនផែនការយុទ្ធសាស្ត្រថវិកាសម្រាប់ឆ្នាំ ២០២១- ២០២៣ ដែលមានវិសាលភាពគ្របដណ្ដប់ទាំងផែនការយុទ្ធសាស្ត្រថវិការបស់របស់ខ្លួន ទៅក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុឱ្យបានមុនថ្ងៃទី១០ ខែ កក្កដា ឆ្នាំ ២០២០ជាកំណត់៕

Related Post

Kep Administration