រដ្ឋបាលខេត្តកែប

KEP ADMINISTRATION

រដ្ឋបាលខេត្តកែប

KEP ADMINISTRATION

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ប្រវត្តិខេត្តកែប

ដោយ Seng Tangចំនួនទស្សនា (1.4K)

តាមឯកសារ “មហាបុរសខ្មែ” បានសរសេរថាៈ ឈ្មោះ “កែប” នេះ គឺក្លាយមកពីភាសាបារាំង (Cap)ដែលបារាំង ធ្លាប់ហៅកាលដែលបារាំងដាក់នឹមត្រួតត្រានៅកម្ពុជា ឆ្នាំ១៨៦៣ ដល់ ឆ្នាំ១៩៥៣ ។ ពាក្យ (Cap)នេះ មានន័យជា ភាសាខ្មែរថាៈ “ជ្រោយ” ស្របនឹងទីតាំងភូមិសាស្ត្រតំបន់កែបនេះមានរាង លយ ឬ ពយ ចូលទៅសមុទ្រ។ ហេតុនេះ ហើយទើបគេហៅថាក្រុងកែប ឬក្រុង(Cap) តាមភាសាបារាំងមានន័យថាៈ“ជាទីក្រុងជ្រោយ” ដែលមានសណ្ឋានដីលយ ចូលសមុទ្រ ហើយពាក្យនេះក៍ចេះតែហៅតៗគ្នាថា“កែប”ៗ រៀងរហូតមក។

បើតាមរឿងព្រេងនិទាន បានបញ្ជាក់ថាៈ នៅសម័យមហានគរដ៏រុងរឿង មានស្តេចលាវមួយព្រះអង្គព្រះនាម “សាគររាជ” ដែលមានវិជ្ជាគុនខ្លាំងក្លាណាស់ ហើយចេះវេទមន្តមហាសណ្តំពូកែទឿតផង។ នៅថ្ងៃមួយពេដែលព្រះអង្គ ទតឃើញសេះសមួយក្បាលដ៏ស្រស់សង្ហារ មានព្រះទ័យចង់បាន ក៏ប្រើវេទមន្តមហាសណ្តំ លើមេទ័ពខ្មែរដែលជា ម្ចាស់សេះសនោះ អោយដេកលង់លក់អស់រយៈពេលយ៉ាងយូរ ហើយក៏លួចយកសេះនោះរត់គេចមកតាំងពីតំបន់អង្គរ (ក្នុងទឹកដីខេត្តសៀមរាបសព្វថ្ងៃ) ដោយនាំទាំងមហេសី និងពលសេនាមកជាមួយផង។      ក្រោយមក មេទ័ពដែលត្រូវសណ្តំនោះ បានដឹងខ្លួនឡើងវិញ ហើយបាត់សេះជាទីស្រលាញ់ ក៏បាននាំពលដើរ រកសេះរបស់ខ្លួន តាមស្នាមដានជើងសេះ រហូតដល់តំបន់ភាគនិរតីនៃប្រទេស (ខេត្តកែបសព្វថ្ងៃ) ហើយបានឃើញ សេះរបស់ខ្លួននៅជាមួយ“សាគររាជ”។ ក្នុងខណៈនោះក៏កើតមានចម្បាំងប្រយុទ្ធជាមួយគ្នាយ៉ាងស្វិតស្វាញ ហើយ “សាគររាជ” ពេលនោះច្បាំងមិនឈ្នះមេទ័ពខ្មែរ ក៏បានដកខ្លួនថយ ដោយឡើងលើខ្នងសេះនោះបំផាយ ដើម្បីភៀស ខ្លួនចេញពីគ្រោះថ្នាក់ ប៉ុន្តែត្រូវសេះនោះកញ្រ្ជោលឡើង ធ្វើឱ្យព្រះអង្គធ្លាក់ពីលើខ្នងសេះនោះ ហើយរងរបួសជាតំណំ ដោយជ្រុះកែបសេះនៅទីនោះទៀតផង។ នៅពេលឃើញគ្រោះមហន្តរាយបែបនេះ “សាគររាជ” ក៏ព្យាយាមស្ទុះឡើង លើខ្នងសេះរបស់ព្រះអង្គមួយទៀត បំផាយយ៉ាងលឿនគេចខ្លួនបាត់ស្រមោល ជាមួយនឹងពលសេនាទៅជាមួយផង។ លុះក្រោយមកទៀត ស្តេចលាវនោះក៏ចេះតែនាំគ្នារត់ពីកន្លែងមួយទៅកន្លែងមួយរហូតទៅបោះជុំរំនៅលើកំពូលភ្នំមួយ (ភ្នំលាវសព្វថ្ងៃ) ដែលស្ថិននៅខាងកើតនៃកន្លែងដែលជ្រុះកែបសេះ ចំងាយប្រមាណជាង ៤គ.ម។ មិនយូរប៉ុន្មាន ដំណឹងនៃការបោះជុំរំនេះ បានដឹងដល់មេទ័ពខ្មែរ ហើយមេទ័ពខ្មែរក៏ចាត់ពលឱ្យព័ទចាប់ស្តេចលាវ “សាគររាជ”នោះទៀត ហើយស្តេចលាវនោះក៏នាំមហេសី និងពលសេនារត់ទៅលាក់ខ្លួនពូនអាត្មានៅភ្នំមួយទៀត ស្ថិតនៅខាងលិច ចំងាយប្រហែល ០១គ.ម ។ ចេញពីភ្នំមួយនេះទៅ “សាគររាជ” និងពលសេនា បានហែលឆ្លងសមុទ្រ ទៅបោះជុំរំនៅកោះមួយចំងាយប្រមាណជាង ៤គ.ម ពីឆ្នេរដីគោគ។ ក្រោយមក មេទ័ពខ្មែរបានវាយលុកនៅលើកកោះ នោះទៀត រហូតកងទ័ពលាវដែលនៅលើកោះទាំងអស់ត្រូវបានរំសាយចេញអស់គ្មានសល់។ បន្ទាប់ពីនេះ នៅពេល ដែលបែកបាក់កំលាំងទ័ព រត់ចោលអស់ទៅ “សាគររាជ” ក៏រត់តែម្នាក់ឯងទៅសរសៀរៗ នៅជុំវិញភ្នំមួយទៀត ស្ថិតនៅ ប៉ែកខាងជើងកន្លែងជ្រុះកែបសេះប្រហែលជាង ១០គ.ម។

          ទាក់ទងនឹងប្រវត្តិរឿងព្រេងបែបនេះ ទើបគេហៅ ភ្នំដែលស្តេចលាវបានបោះជុំរំនោះថា “ភ្នំលាវ”រីឯភ្នំមួយទៀត ដែលស្តេចលាវបានលាក់ខ្លួនពូនអាត្មានោះថា “ភ្នំពូន” តែក្រោយមកហៅថា “ភ្នំពោន”វិញ ហើយភ្នំដែលស្តេចលាវបាន រត់សរសៀរៗនោះ គេហៅថា “ភ្នំសរសៀរ” រហូតដល់សព្វថ្ងៃនេះ ហើយចំពោះកោះដែលកងទ័ព “សាគររាជ” បានបោះ ជុំរំនោះឈ្មោះថា “កោះរំសាយ”តែក្រោយមកហៅថា “កោះទន្សាយ” វិញ។ ចំណែកឯទីតាំងដែលជ្រុះកែបសេះ គេហៅថា “ភូមិកែបសេះ” តែក្រោយមកដោយឈ្មោះនេះវែងពេក ទើបគេហៅខ្លីត្រឹមថា “ភូមិកែប”ៗរហូតដល់បង្កើតជាក្រុង មានឈ្មោះថា “ក្រុងកែប”។ ក្រោយឆ្នាំ១៩៧៩ ខេត្តកែប គ្រាន់តែជាឃុំមួយឈ្មោះថា “ឃុំកែប” ដែលស្ថិតនៅចំណុះស្រុកកំពត ខេត្តកំពត។ លុះដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ១៩៩២ រដ្ឋសភានៃរដ្ឋកម្ពុជា បានអនុម័តច្បាប់ស្តីពីការបង្កើតក្រុងកែបឡើងវិញ។ ក្រោយមកបានដូរឈ្មោះទៅជា ”ខេត្តកែប” នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០០៨ ដំណើរការរហូតដល់សព្វថ្ងៃនេះ។

បណ្ណាល័យព័ត៌មាន
សេវាពេញនិយម
សេវាថ្មីៗ
លេខអគ្គិភ័យមិនទាន់មាន
លេខសង្គ្រោះគ្រោះថ្នាក់ចរាចរណ៍មិនទាន់មាន
លេខទទួលព័ត៌មាន (ប៉ូលីស)មិនទាន់មាន
ព្យាករណ៍អាកាសធាតុ
KEP WEATHER

អាសយដ្ឋាន : ភូមិកែប, សង្កាត់កែប, ក្រុងកែប, ខេត្តកែប, ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ : +(៨៥៥) ១១ ៣៤៥ ៦០១ / ៩៦ ៣៤ ៨២ ១៦៨

អុីម៉ែល : info@kep.gov.kh

គេហទំព័រ : www.kep.gov.kh

© 2020

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តកែប

កែប្រែចុងក្រោយ : 5 ថ្ងៃមុន